ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស នឹងប៉ះក្រុមវែល នៅ Euro ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃវគ្គសន្សំពិន្ទុពូល B នាកីឡដ្ឋាន Stade Felix Bollaert-Delelis ទីក្រុង Lens ប្រទេសបារាំង វេលាម៉ោង០៨:០០នាទីយប់នេះ។
1
ក្រុមជម្រើសជាតិអង់គ្លេស
បច្ចុប្បន្នវែលជាក្រុមកំពុងឈរកំពូលតារាងពូល B ដោយមាន៣ពិន្ទុ បន្ទាប់ពីឈ្នះស្លូវ៉ាគី ២-១ នៅប្រកួតដំបូង ខណៈដែលអង់គ្លេស ស្ថិតនៅលេខ៣ មាន១ពិន្ទុ ក្រោយប្រកួតដំបូង ត្រូវរុស្សីតាមស្មើ ១-១ នៅចុងម៉ោងទាំងមិនគួរឲ្យជឿ។ ដូច្នេះចាំមើលថា យប់នេះតើក្រុមណា នឹងរកបាន៣ពិន្ទុ?
ប្រវត្តិជួបគ្នា និងស្ថិតិ៖
– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នា១០១ដងមកហើយ ដោយក្នុងនោះ អង់គ្លេសឈ្នះ៦៦ដង វែលឈ្នះ១៤ និងស្មើគ្នា២១ដង។ ប៉ុន្តែនេះជាលើកដំបូង ដែលក្រុមទាំង២ ប៉ះគ្នានៅពានរង្វាន់ធំដូចនេះ។
– ជួបគ្នា៤ដងចុងក្រោយ អង់គ្លេសឈ្នះវែលទាំង៤ដង និងគ្មានរបូតគ្រាប់បាល់១គ្រាប់ឡើយ (២-០, ១-០, ២-០, ១-០)។
– អង់គ្លេស មានកំណត់ត្រាឈ្នះ១០០% កាលវគ្គជម្រុះ Euro 2016 ដោយ១០ប្រកួត ឈ្នះទាំង១០ប្រកួត។
– Gareth Bale ស៊ុត១៣គ្រាប់ ក្នុង៣១ប្រកួតឲ្យវែល តាំងពីគ្រូបង្វឹក Chris Coleman ឡើងដឹកនាំកាលឆ្នាំ២០១២ និងគិតជាមធ្យមភាគគឺ ៤៥% នៃគ្រាប់បាល់ជម្រើសជាតិវែលទាំងអស់។
–\
Wayne Rooney ស៊ុត៧គ្រាប់ ក្នុង៨ប្រកួតចុងក្រោយឲ្យអង់គ្លេស ពេលលេងប្រកួតពានរង្វាន់នានា។
សម្ដីគ្រូបង្វឹក៖
3
គ្រូបង្វឹកអង់គ្លេស Roy Hodgson
Roy Hodgson គ្រូបង្វឹកអង់គ្លេស៖ “ការប្រកួត Derby ពិតជាបរិយាកាសល្អណាស់។ មនុស្សជាច្រើននៅអង់គ្លេស និងចក្រភពអង់គ្លេស ឬប្រហែលជុំវិញពិភពលោក កំពុងរង់ចាំទស្សនាការប្រកួតនេះ។ ការពិត វាហាក់ដូចជាការប្រកួតមួយ រវាងបងប្អូនខ្លួនឯង”។
2
គ្រូបង្វឹកវែល Chris Coleman
Chris Coleman គ្រូបង្វឹកវែល៖ “យើងបានត្រៀមខ្លួនរួចរាល់ហើយ។ បើយើងអាចឡើងទៅវគ្គបន្ត យើងនឹងឡើងទៅដោយជាប់កំណត់ត្រាខ្លួនឯង។ នេះជាការប្រកួតដ៏ធំមួយរបស់យើង។ បើយើងឈ្នះ យើងនឹងឡើងវគ្គបន្ទាប់ ប៉ុន្តែបើយើងមិនអាចទេ យើងក៏នៅមានឱកាស១ទៀត។ យើងមានឱកាសធ្វើរឿងដ៏ពិសេសមួយ ហើយយើងជឿជាក់ថាអាចធ្វើបាន”។
ជើងកីឡាករ៖
6
សកម្មភាពក្រុមអង់គ្លេសហ្វឹកហាត់
ក្រុមអង់គ្លេស បានហ្វឹកហាត់កាលពីថ្ងៃពុធ ដោយពេញជើងទាំងអស់ ពុំមានបញ្ហារបួសអ្វីទេ។ ប៉ុន្តែលោក Roy Hodgson អាចនឹងដូរទម្រង់លេងមួយចំនួន ដែលអាចនឹងដាក់ Jamie Vardy វិញ ជំនួស Raheem Sterling ដែលលេងមិនបានល្អ កាលប៉ះរុស្សី។ ដូច្នេះ១១នាក់ដំបូងរបស់ តោកំណាចអង់គ្លេស អាចជា៖ Hart; Walker, Smalling, Cahill, Rose; Alli, Dier, Rooney; Lallana, Kane, Vardy។
7
សកម្មភាពក្រុមវែលហ្វឹកហាត់
រីឯវែលក៏គ្មានបញ្ហារបួសកីឡាករអ្វីដែរ បន្ទាប់ពីអ្នកចាំទី Wayne Hennessey ដែលអវត្តមានកាលឈ្នះស្លូវ៉ាគី ដោយសាររបួសខ្នងស្រាលនោះ នឹងអាចចូលលេងបានវិញ។ ដូច្នេះ១១នាក់ដំបូងរបស់វែល អាចជា៖ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu៕
ព្យាករគូនេះគឺ៖ អង់គ្លេស ៣-០ វែល , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
*ក្រៅពីគូនេះ ក៏មាន២គូទៀតប្រកួតយប់នេះដែរគឺ៖
– អ៊ុយក្រែន vs អៀរឡង់ខាងជើង (ម៉ោង១១:០០នាទីយប់)
– អាល្លឺម៉ង់ vs ប៉ូឡូញ (ម៉ោង០២:០០នាទីរំលងអាធ្រាត្រ)
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA
